រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះបន្ទាប់ពីផ្ទុះកក្រើកពេញហ្វេសប៊ុក និងផ្អើលអ្នកសិល្បៈស្ទើរមួយចំហៀងប្រទេស រឿងអ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះសារព្រលះបុគ្គល តាមព្យាបាទខ្លួន ដោយមិនទាន់បញ្ចេញឈ្មោះច្បាស់លាស់មក ខណៈប៉ុន្មានម៉ោងមុននេះ ស្រាប់តែផ្ទុះកក្រើកជាថ្មីម្ដងទៀតហើយ ព្រោះតែពេលនេះ អ្នកនាង ម៉េង កែវពេជ្ជតា បញ្ចេញឈ្មោះបុគ្គលនោះចំៗតែម្ដង គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធាសមាគមន៍សិល្បករខ្មែរ នាពេលបច្ចុប្បន្ននេះ។

មិនបានប៉ុន្មានផង អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរបង្ហោះថា «សូមអធ្យាស្រ័យជួយអានអោយចប់ ទើបដឹងសាច់រឿង! ចុងក្រោយមិនឲ្យមហាជនរិះគន់ ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន បើសូម្បីតែប្រធានសមាគមសិល្បៈ ក៏តាមបំផ្លាញអ្នកសិល្បៈគ្នាឯងដែរ (sic) ដើរឈ្លោះស្ទើរមួយប្រទេស។ មានតែអញ។ លូកដៃតាំងពីរឿងកំប៉ិកកំប៉ុក រហូតដល់រឿងនយោបាយខុសជំនាញ។ ផ្អែមក្រៅដំបៅក្នុង ជំនាញចាក់រុកបង្កើតបក្សពួកនិយម គ្មានគំនិតបង្រួបបង្រួម ក្នុងនាមខ្លួនជាប្រធានសោះ យកចរិតនៅផ្ទះមកដឹកនាំ មិនដែលថា ខ្លួនឯងខុសម្តង គ្មានទំនួលខុសត្រូវ ខឹងគេនិយាយចំចំំណុចមិនតបនឹងមុខទេ រត់ទៅកៀគរបក្សពួក ឲ្យជួយជេរពីចម្ងាយ និងខំកាយយករឿងផ្សេង ទាំងមិនពិតមកបញ្ឈឺ ។ អសីលធម៌ជេរបញ្ចោរ យកតែឈ្នះ ហើយថ្មីៗនេះ ទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធ អ្នកមានឋានៈកំពូល វិះតែនឹងបានជាប់ខ្នោះ ជាប់គុកច្រវ៉ាក់ទៅហើយ បើកុំតែរត់ទៅលុតជង្គង់ទាំងភ្នែកនៅកញ្ចឹងករ ក្រាបសំពះសូមទោសគេទាន់»។

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរបន្តថា «សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម និងសិល្បៈសោះ ផ្ទុយទៅវិញ បានត្រឹមតែធ្វើឲ្យពិភពសិល្បៈ ជួបតែភាពថោកទាបឆ្អាបស្អុយ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ និងរលត់រលាយកេរ្តិ៍ឈ្មោះសមាគមសិល្បៈនៅអនាគត ដ៏ខ្លីខាងមុខប៉ុណ្ណោះ។ តើចរិតអ្នកដឹកនាំសិល្បៈគេធ្វើដូចឬ? ឥឡូវគាត់ងាកមកបំផ្លាញខ្ញុំទៀតហើយ។ ជួយគិតមើលបងប្អូន ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតា អត់ប៉ះពាល់ដល់នរណាសោះ ស្រាប់តែគាត់មកលាបពណ៌ឲ្យខ្ញុំ ទៅជារឿងផ្សេងឯណាឆ្កុយ ។ សាហាវ ! ម៉េច ឃើញខ្ញុំនៅតែឯង គិតថាខ្ញុំនេះងាយយកមកលេងសើច ឬយ៉ាងម៉េច ? ចង់មានរឿងខ្លាំងណាស់មែនទេ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត ជាតិណាទើបឈប់ ? ឬទាល់តែមនុស្សទាំងលោកនេះ គេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខទើបអ្នកស្វាង ? ខ្ញុំនិយាយពីស្អី អ្នកដឹងខ្លួនហើយ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿង ដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ កុំអី សូមអង្វរ ខ្ញុំគ្មានខ្នងដូចអ្នកទេ ខ្ញុំខ្លាច..តែសូមអ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនឲ្យច្បាស់ ថាតើការនិយាយមួលបង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង សាក្សីក៏មានច្រើន តើអ្នកឬក៏ខ្ញុំដែលត្រូវប្តឹង? អ្នកត្អូញប្រាប់គេថា ខ្លួនជាជនរងគ្រោះ តែអ្នកមានដែលបានទាក់ទងមកខ្ញុំ ដើម្បីបំភ្លឺទេ បើពិតជាត្រឹមត្រូវ ? អត់ទេ តែបែជាទៅបង្ហោះពាក្យដៀមដាម ហូរហែដូចថែមសាំងលើភ្លើង តើសម្តីថ្លោសៗរបស់អ្នកនោះសមទេថា នាងជាជនរងគ្រោះ ? តើត្រង់ណាដែលអ្នកថា នាងមិនដឹងរឿង ? នរណាជឿ?»។

អ្នកនាង ម៉េង កែវពេជ្ជតា បានសង្កត់ធ្ងន់ថា «កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នក ដែលបានបង្ហោះទាំងប៉ុន្មាន វានឹងចូលជាមួយពាក្យបណ្តឹងដែរហើយ ទោះជាអ្នកខំលុបចេញក៏ដោយក៏គ្រប់គ្នានៅមានដែរ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង ព្រោះទោះជាយ៉ាងណា ក្នុងនាមអ្នកជាប្រធាន និងជាម្ចាស់ Page ម្ចាស់ website អ្នកត្រូវតែទទួលខុសត្រូវជាដាច់ខាត ក្នុងរឿងនេះ ! បើចិត្តកូនស្រី កុំលេងរត់! សូមអធ្យាស្រ័យបងប្អូន ខ្ញុំមិនចង់ទេរឿងឈ្លោះ ពិសេសជាមួយអ្នកសិល្បៈ ខ្ញុំរិតតែមិនដែលមាន ប៉ុន្តែរឿងនេះ នាងបំពានខ្ញុំមុន ទាំងដែលខ្ញុំតែងស្រឡាញ់នាង ការពារនាងពេលត្រូវគេជេរប្រមាថ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែ។ ធ្លាប់អហោសិកម្មឲ្យច្រើនហើយ ប៉ុន្តែលើកនេះអត់ទេ ត្រូវតែប្រាប់ឲ្យគេដឹងខ្លាចបើខ្ញុំមានរឿងអី ឬត្រូវបាត់បងការងារ ក៏ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំណងសម្លាប់ខ្ញុំ ទាំងរស់ណាបងប្អូន ចេតនាចង់ឲ្យខ្ញុំមានទោស ពីបទប្រមាថព្រះមហាក្សត្រ ប្រមាថស្ថាប័នជាតិ និងប្រមាថប្រាក់រៀលខ្មែរ ។ គេចង់ឲ្យខ្ញុំត្រូវថ្នាក់លើ អាក់អន់ចិត្តទាំងយល់ច្រឡំដូចលើកមុនៗ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ បន្ថយការងារខ្ញុំ តើឲ្យខ្ញុំព្រងើយ មិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រា ដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូនទាំងកូនក្មួយ មួយត្រកូលប្រឹងបង្កើនស្នាដៃ ជួយជ្រោងសិល្បៈ ដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះ សុំលុយមួយរៀលពីអ្នកណា សូម្បីសមាគមសិល្បៈអ្នកនាង ចន ច័ន្ទ នេះ ក៏មិនដែលផ្តល់កិត្តយសស្អី ឲ្យក្រុមគ្រួសារខ្ញុំដែរ ទៅជាអ្នកនាងប្រធានសមាគមសិល្បៈ ដែលមាននាទីជួយថែអ្នកសិល្បៈនេះ ប្រើគតិអវិជ្ជាមកបំផ្លាញ ចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ តើបងប្អូនគិតថា គាត់ធ្វើនេះត្រឹមត្រូវដែរទេ ? បែបនេះ គេអាចហៅប្រធានសមាគមនេះថា ជាជនបំផ្លាញធនធានវប្បធម៌បានទេ? ហើយអាចហៅបានទេថា ជាដង្កូវក្នុងសាច់? តើគេគួរមានទោសកម្រិតណា? សូមបងប្អូនអានហើយពិចារណា និងផ្តល់ខមិនយុត្តិធម៌ខ្ញុំផង»។

អ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមថា «សូមជំរាបបងប្អូនថា website មួយឈ្មោះ Dara News (តារាញូស៍ ) របស់សមាគមសិល្បៈ ដែលគេស្គាល់ថា អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាននោះ បាន Share យក Status របស់ខ្ញុំមកផ្សាយបន្ត ហើយ Page សមាគមសិល្បៈរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដដែលនេះ ក៏យកមកផុសលើគណនីគាត់ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមឲ្យខ្ញុំទេ គឺគេបានបន្ថែមរូបលុយខ្មែរ ក្រដាស១០០០រៀល ដែលមានព្រះឆាយាល័ក្ស ព្រះមហាវិរៈក្សត្រដល់ទៅពីរសន្លឹក ព្រមទាំងបានថែមល្បោយរោយម្ទេស ជាពាក្យថា “ទាំងព្រលឹមហ្មង ៖ ម៉េង កែវពេជ្ជតា ព្រលះធនាគារជាតិ យ៉ាងចាស់ដៃរឿងលុយថ្មី ..” ពាក្យរបស់គាត់ទាំងនេះ ប្រាសចាកឆ្ងាយពីអត្ថន័យ និងបំណងខ្ញុំដែលបង្ហោះក្នុង Status ខ្ញុំ ទាំងស្រុង ធ្វើឲ្យមជ្ឈដ្ឋានខ្លះ ប៊ិះនឹងយល់ច្រឡំមកលើខ្ញុំ ដូច្នេះហើយ ទើបខ្ញុំត្រូវតែចេញមកពន្យល់។ សារនេះ ខ្ញុំសរសេរគ្មានបំណងចង់ឲ្យនាងសូមទោសស្អីទេ ព្រោះដឹងហើយថា នាងគ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង ដូច្នេះខ្ញុំមិនរង់ចាំទេ គ្រាន់តែខ្ញុំចង់ជំរាបដល់មហាជនឲ្យបានដឹងពីអ្នកនៅពីក្រោយ រឿងនេះថា ជាទេពអប្សរចិត្តព្រាយហ្នឹងហើយ។ ហើយក៏ចង់ជំរាបដល់ស្ថាប័ន ដែលពាក់ព័ន្ធដែរ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ រឿងនេះ គឺខាងពួកគេអ្នកធ្វើទេ បើចង់ស្អប់ ឬស្រឡាញ់ចង់ហៅទៅហូបតែចត់ម្តងទៀត សូមលោកហៅពួកគាត់ទៅ នាងខ្ញុំមិនពាក់ព័ន្ធឡើយ សូមអរគុណ។ សេចក្តីគួរពុំគួរ សូមរួមមតិដោយថ្លៃថ្នូរ។ ជូនពរជោគជ័យនិរន្តន៍»។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវទៅជាយ៉ាងណានោះ គេនៅមានទាន់ដឹងនៅឡើយទេ ខណៈអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធាសមាគម ដែលត្រូវជាគូបដិបក្ខ ជាមួយអ្នកនាង ម៉េង កែវពេជ្ជតា ហាក់មិនទាន់មានប្រតិកម្មអ្វីនោះឡើយ៕

ប្រភព៖ khmertalking

សម្រួលដោយ៖ NCN

ផ្តល់មតិយោបល់ទីនេះ