គួរពិចារណា៖

កញ្ញាម្នាក់ បានចុះពីរថយន្តស៊េរីទំនើបមួយដើរសំដៅមកកាន់កន្លែងលក់ដូង ហើយបានសួរអ្នកលក់ដូងថា “ពូ ដូង ១ផ្លែថ្លៃប៉ុន្មាន?”

ពូលក់ដូង : ១ផ្លែ ថ្លៃ ២០០០រៀល ក្មួយស្រី

កញ្ញាា: អញ្ចឹងតើ ២ផ្លែ ៣០០០រៀល បានទេពូ​ ព្រោះខ្ញុំ មិនចាំបាច់ដើររកទិញកន្លែងផ្សេង

ពូលក់ដូង :​ បាទ! អញ្ចឹង ក្មួយស្រីយក ២ផ្លែ ចុះ តម្លៃ ៣០០០រៀល ព្រោះតាំងពីព្រឹកមកដល់រសៀលនេះ ពូ លក់មិនទាន់បាន ១ផ្លែផង

កញ្ញាយើង បានយួរដូងដើរចេញសំដៅទៅដោយអារម្មណ៍សប្បាយ ព្រោះថា ខ្លួនឯងបានជោគជ័យក្នុងការតថ្លៃ។

នាងបានទៅយកមិត្តម្នាក់ទៀតដែលកំពុងឈររង់ចាំនៅកាច់ជ្រុងផ្សារអូរឬស្សី ដើម្បីទៅញ៉ាំអាហារនៅក្បែរនោះ។នាងបានហៅអ្វីដែលពួកគេចូលចិត្តជាច្រើនមុខ តែនាងនិងមិត្តភក្តិ បានញ៉ាំអស់បន្តិច ប្រហែល ៥០% នៃម្ហូប ហើយនាងបានហៅម្ចាស់ហាងគិតលុយ

កញ្ញា: អូនគិតលុយ តើអស់ប៉ុន្មាន?

អ្នកគិតលុយ:​ បាទបង អស់ 45$

កញ្ញា : ចា៎ នេះ 50$ ហើយមិនចាំបាច់អាប់ទេ

សូមបញ្ចាក់ផងដែរថា៖ ក្នុងករណីនេះ វាជារឿងមួយយ៉ាងសាមញ្ញបំផុត ចំពោះលុយ 5$ សម្រាប់ម្ចាស់ហាងដែលសម្បូរលុយចាយ និងមិនខ្វះអ្វីហូបនោះ។ តែលុយ ១០០០រៀល វាមានសារៈសំខាន់ សម្រាប់អ្នកខ្សត់ និងទីទាល់ក្រទាំងឡាយ​ តែមនុស្សមួយចំនួន បានតថ្លៃយ៉ាងស្វិតស្វាញបំផុត នៅពេលទិញអ្វីមួយពីពួកគាត់ តែបែរជាចាយយ៉ាងទូលាយ សម្រាប់ហាងធំៗ​។ ទិញអ្វីក៏ត្រូវតថ្លៃ វាជាការពិត​ តែសម្រាប់អ្នកខ្សត់ យើងគួរទូលាយជាមួយពួកគាត់ ពេលដែលអ្នកទិញអ្វីមួយពីគាត់ ចូរអ្នកគិតលើអំពើ “​សប្បុរសធម៌​” តែបន្តិចក៏វាមិនខាតអីប៉ុន្មានដែរ និងគួរតែសរសើរពួកគាត់ ដែលពួកគាត់មិនសម្រេចចិត្ត ដើរសុំទាន ឬ ឆក់ ប្លន់ ដើម្បី ចិញ្ចឹមជីវិត​៕ ប្រភពពីហ្វេសប៊ុក៖ Rachna Um

សម្រួលដោយ៖ NCN

ផ្តល់មតិយោបល់ទីនេះ
SHARE