ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាឲ្យតាមចាប់ជនបង្កហឹង្សា ទៅលើបុរសម្នាក់ដែលជាជនបង្កហេតុបើកបុករះម៉ូតូជាច្រើនគ្រឿង តាំងពីបណ្តាយផ្លូវនៅជិតវត្តដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿងតាមទាន់៕

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។

លោកស្នងការបានបញ្ជាក់ទៀតថា «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម​។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ …ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»។

សម្រួលអត្ថបទ ៖ សីហា
ប្រភព ៖ freshnews

ផ្តល់មតិយោបល់ទីនេះ
SHARE